Friday, July 7, 2017

ក្បួនថែរក្សាស្បែកមុខទាំង ១០ របស់តារាស្រីកូរ៉េ ដែលអ្នកអាចរៀនតាមបាន!

ពេលឃើញស្បែកមុខតារាកូរ៉េម្ដងៗ ឡើងទន់ដូចគូទកូនង៉ែត ពិតជាគួរឱ្យច្រណែនណាស់មែនទេ? ចង់បានស្បែកមុខស្អាតចឹងមិនពិបាកទេ គ្រាន់តែយើងខំឆ្លៀតពេលទំនេរមកទះមុខលេងៗ នោះនឹងឃើញលទ្ធផលហើយ! ចុះទះយ៉ាងម៉េចទៅ? តោះមកអានខាងក្រោម៖
ទះមុខលេងៗឲ្យស្អាត ខុសពីការទះមុខមែនទែន គឺជាការទះមុខថ្នមៗក្នុងអំឡុងពេលដែលប្រើផលិតផលថែរក្សាស្បែកមុខ ទៅតាមជំហានដែលតារាកូរ៉េតែងអនុវត្ត ។ ខាងក្រោមនេះ យើងនឹងបានដឹងអំពីជំហានសំខាន់ៗទាំង ១០ នៃការថែរក្សាស្បែក និងប្រភេទផលិតផលដែលត្រូវប្រើទៅតាមជំហាននីមួយៗ ។
 
ឈប់សិន ! ១០ ជំហាន ច្រើនម្លេះ ? តាមពិតទៅ ទម្លាប់នៃការថែរក្សាស្បែកគឺអាស្រ័យទៅតាមបុគ្គលម្នាក់ៗ ដូច្នេះជាការល្អ យើងគួរតែកុំសូវផ្តោតទៅលើចំនួនជំហាន​ តែយើងគួរតែអនុវត្តតែជំហានណាដែលចាំបាច់ និងផលិតផលណាដែលសាកសមសម្រាប់ប្រភេទស្បែករបស់យើងវិញទើបជាការប្រសើរ ។
១. ការលាងសម្អាតចេញនូវគ្រឿងសម្អាង + ការលាងសម្អាតដោយប្រើប្រេង
ប្រាកដណាស់ នៅពេលយប់មុនគេង​ យើងអាចសម្អាតនូវគ្រឿងសម្អាងនៅលើផ្ទៃមុខរបស់យើងបានដោយជ្រលក់សំឡីកប្បាសក្នុងទឹកលាងសម្អាតគ្រឿងសម្អាង ហើយយកមកជូតមុខគឺវារួចជាស្រេច ។ ក៏ប៉ុន្តែពេលព្រឹកឡើង យើងប្រហែលជាឃើញស្នាមប្រឡាក់ខ្មៅៗនៅលើស្រោមខ្នើយ​ ។ នោះមានន័យថា ដើម្បីសម្អាតនូវគ្រឿងសម្អាងនៅលើផ្ទៃមុខរបស់យើងបានទាំងស្រុង គឺទាល់តែយើងលាងសម្អាតជាមួយប្រេងផងដែរ។ យកប្រេងមកម៉ាស្សាលើមុខ​ និងករបស់យើងថ្នមៗ​ ហើយបន្ទាប់មកលាងទឹកក្តៅឧណ្ហៗ ។ ម៉ាស្សា និងលាងមុខជាមួយទឹកក្តៅឧណ្ហៗម្តងទៀត ហើយបន្ទាប់មកអ្វីៗគ្រប់យ៉ាងនឹងត្រូវបានលាងសម្អាតអស់ពីផ្ទៃមុខ!
២. ទឹកសម្រាប់លាងសម្អាតមុខ
វាត្រូវបានគេចាត់ទុកជាការលាងសម្អាតទ្វេរ ។ ការលាងសម្អាតមុខរបស់យើងជាមួយនឹងទឹកលាងសម្អាតមុខ​ គឺដើម្បីកាត់បន្ថយកាកសំណល់ដែលនៅសេសសល់​ និងលាងសម្អាតប្រេងសម្រាប់សម្អាតមុខ។
៣. ការខាត់ស្បែកមុខ
យើងមិនចាំបាច់ត្រូវតែខាត់់ស្បែកមុខនោះទេ (ជាពិសេសប្រសិនបើអ្នកមានស្បែកដែលងាយប្រតិកម្ម) ក៏ប៉ុន្តែចូរចាំថាបើចង់ធ្វើឱ្យស្បែកស្រស់ថ្លា​ យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍​យើងគួរតែធ្វើវា ព្រោះវានឹងជួយសម្អាតរាល់ធូលី ស្អាតរន្ធញើស និងធ្វើឲ្យស្បែកស្រស់ថ្លា ។ ពេលដែលកោសិកាស្បែកដែលងាប់ត្រូវបានកាត់បន្ថយ ផលិតផលថែរក្សានឹងស្បែកជ្រាបចូលរន្ធញើសរបស់យើងបានសព្វល្អ និងបញ្ចេញនូវប្រសិទ្ធភាពរបស់វាកាន់តែខ្ពស់ផងដែរ ។ ម៉ាស្សាមុខថ្នមៗជាមួយស្រ្កាប់សម្រាប់ខាត់មុខ ស្បែកមុខយើងនឹងទន់​ ហើយភ្លឺជាងមុនជាក់ជាមិនខាន ។
៤. ទឺកថូននើ
ថូននើ គឺជាផលិតផលដែលជួយធ្វើឲ្យស្បែកមានសំណើមពេលដែលវាស្ងួតខ្លាំង និងជួយធ្វើឲ្យវាស្ងួតបន្តិចនៅពេលដែលស្បែកមានសំណើមខ្លាំងពេក ។ វាជួយរក្សាលំនឹងកម្រិត pH ។ ចាក់ថូនើលើដៃ ហើយយកដៃមកទះមុខថ្នមៗ ឬចាក់វាលើសំឡីហើយយកមកជូតពេញផ្ទៃមុខពីលើមកក្រោម ។
៥. ទឹកទះមុខ
វាគឺជាជំហានសំខាន់បំផុតដែលតារាកូរ៉េអនុវត្តមិនឲ្យខានជាដាច់ខាត ។ ទឹកទះមុខ មានភាពស្រដៀងថូននើបន្តិច​​ ស្រដៀងសេរ៉ូមមុខបន្ដិច តែវាមានតួនាទីធ្វើឲ្យផ្ទៃមុខមានសំណើម និងជួយជួសជុលកោសិកាស្បែកដែលខូច ។
៦. ការព្យាបាលស្បែកមុខ
យកសេរ៉ូម ទះថ្នមៗលើស្បែកមុខ (ទះមុខទៀតហើយ ? មួយភ្លែតសោះទះ៣ដងហើយ បើចង់ស្អាតទះលេងៗតែបន្ដិចទៀតទេ) ដើម្បីដោះស្រាយនូវបញ្ហាដែលយើងបារម្ភបំផុត ឬ ក៏បញ្ហាដែលកំពុងកើតមានលើមុខយើង ។ សេរ៉ូមមានច្រើនប្រភេទណាស់ ដូចជាសម្រាប់ស្បែកមុខដែលស្ងួតខ្លាំង រន្ធញើញធំ​ ស្នាមជ្រួញ​ និងមានមុនជាដើម​ ។
៧. ម៉ាសបិទមុខ
ប្រសិនបើសេរ៉ូមជាបេះដូង នោះម៉ាសគឺជាវិញ្ញាណ ។ វាក៏ជាជំហានសំខាន់ ដែលតារាកូរ៉េតែងតែអនុវត្តផងដែរ ។ មិនចាំបាច់ធ្វើអីទេ គ្រាន់តែដាក់ម៉ាសលើមុខ ទុកលើមុខពី ១៥ ទៅ ២០នាទី ហើយគេងលេងហ្គេម ឬ មើលរឿង ឬ ថតផុសហ្វេសបុកលងបន្លាចគេលេងក៏បាន ។ បន្ទាប់ពីដកម៉ាសចេញពីមុខហើយ ទះមុខថ្នមៗដើម្បីឲ្យផលិតផលដែលនៅសល់ជ្រាបចូលមុខ ។ ប្រើយ៉ាងហោចណាស់ម្តង ឬ ពីរដងក្នុងមួយសប្តាហ៍ ឬ រាល់ថ្ងៃក៏បាន ព្រោះវាជួយផ្ដល់សំណើមយ៉ាងខ្លាំងដល់ស្បែក ។
៨. ក្រែមសម្រាប់លាបស្បែកក្រោមភ្នែក
ស្បែកនៅជុំវិញភ្នែករបស់យើងស្តើងណាស់ មានន័យថាយើងគួរតែថែទាំវាដូចថែទាំផ្កាដែលឆាប់ស្រពោនយ៉ាងចឹង ។ ក្រែមសម្រាប់លាបស្បែកក្រោមភ្នែក ផ្ដល់ជាតិទឹកនិងការការពារដល់ស្បែកក្រោមភ្នែក ។ ប្រើម្រាមដៃនាង (ដៃនាងមានកម្លាំងស្រាល) ដើម្បីតប់ៗស្រាលៗ កុំត្រដុស (ទះមិនអស់ចិត្ត តប់ម្ដង) ពីក្រោមភ្នែក រហូតដល់កន្ទុយភ្នែក និងឆ្អឹងថ្ពាល់ ។
៩. ក្រែមផ្ដល់សំណើម
ជាតិទឹក គឺជួយឲ្យស្បែកមើលទៅមិនស្រអាប់ រលោង និងភ្លឺថ្លា ដូចនេះការជ្រើសរើសប្រភេទក្រែមផ្ដល់សំណើមដែលត្រូវនឹងប្រភេទស្បែកមុខយើងពិតជាសំខាន់ ។ ក្រែមផ្ដល់សំណើម មានច្រើនប្រភេទ អាចជាប្រភេទឡេ​ ជែល ឬ ក្រែម ហើយពួកវាមានតួនាទីទប់ជាតិទឹកឲ្យរក្សាបានយូរនៅក្នុងរន្ធញើស និងជួយលាក់បាំងស្នាមផ្សេងៗកុំឲ្យមើលទៅឃើញច្បាស់នៅលើផ្ទៃមុខ ។ លាបក្រែមផ្ដល់សំណើមដោយទះថ្នមៗឲ្យចូលស្បែកមុខ និងក ទាំងពេលព្រឹក​ និងពេលយប់ ។
១០. ក្រែមការពារកម្ដៅថ្ងៃ
ទោះទៅក្រៅតែមួយភ្លែត ក៏មិនត្រូវភ្លេចក្រែមការពារកម្ដៅដែរ ។  ក្រែមការពារកម្ដៅថ្ងៃ គឺជារបាំងការពារស្បែកពីកាំរស្មីយូវីរបស់ព្រះអាទិ្យ ដើម្បីការពារស្បែក ពីភាពចាស់មុនអាយុ និងមហារីកស្បែក ។ លាបជារៀងរាល់ព្រឹក ឬ រាល់ថ្ងៃ ឬ យ៉ាងហោចណាស់១៥នាទីមុនដើរហាលថ្ងៃ ។
សរុបជារួមមក ចំនុចសំខាន់ដំបូងគឺការលាងសម្អាតស្បែកមុខឲ្យបានស្អាតល្អ ពីព្រោះបើរន្ធញើសពោរពេញដោយធូលី ទោះអង្គុយទះមុខថ្នមៗយូរយ៉ាងណា ក៏ផលិតផលថែរក្សាស្បែកមិនអាចជ្រាបចូលបានសព្វដែរ ហើយចំនុចបន្ទាប់គឺការផ្ដល់សំណើមឲ្យស្បែក និងការការពារស្បែកពីពន្លឺព្រះអាទិត្យ ៕

0 comments:

Post a Comment